សាវតា

តាមការសិក្សាស្រាវជ្រាវឯកសារ នៅក្នុងឆ្នាំ១៩៥៣ មានតំបន់មួយឈ្មោះថាតំបន់រដ្ឋបាលអូរជ្រៅ ដែលចំណុះឱ្យស្រុក សិរីសោភ័ណ ខេត្តបាត់ដំបង។

ក្រោយមកនៅឆ្នាំ១៩៦០ តំបន់នេះត្រូវបានបំបែកចេញពីស្រុកសិរីសោភ័ណ ដោយបង្កើតទៅជាស្រុកមួយមានឈ្មោះថា ស្រុកអូរជ្រៅ ចំណុះឱ្យខេត្តបាត់ដំបង។

ដោយប្រទេសជាតិ មានការផ្លាស់ប្តូររបបនយោបាយពី រដ្ឋកម្ពុជា ទៅជាព្រះរាជាណាចក្រកម្ពុជា (សេរីពហុបក្ស និងប្រជាធិបតេយ្យ) ស្រុកសិរីសោភ័ណ ត្រូវបានបំបែកជាពីរស្រុក គឺស្រុកសិរីសោភ័ណ និងស្រុកអូរជ្រៅ ដែលស្រុកអូរជ្រៅ មានទីតាំងរដ្ឋបាលស្ថិតក្នុងភូមិគីឡូលេខ៤ ឃុំប៉ោយប៉ែត តាមខ្លឹមសារអនុក្រឹត្យលេខ ១៧អនក្រ ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ១៩៩៥ របស់រាជរដ្ឋាភិបាលកម្ពុជា។

លុះដល់ឆ្នាំ២០០៨ ស្រុកអូរជ្រៅ ត្រូវបានបំបែកចេញជាពីរ គឺស្រុកអូរជ្រៅ និង ក្រុងប៉ោយប៉ែត ដោយកាត់យកឃុំចំនួន ពីររបស់ស្រុកអូរជ្រៅ ហើយទីតាំងរដ្ឋបាលស្រុកអូរជ្រៅ ក៏ប្តូរទីតាំងពីភូមិគីឡូលេខ ឃុំប៉ោយប៉ែត មកស្ថិតនៅក្នុង ភូមិសាស្ត្រ ភូមិកូបលិច ឃុំកូប តាមខ្លឹមសារអនុក្រឹត្យលេខ ២៣២អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០០៨ របស់ រាជរដ្ឋាភិបាលកម្ពុជា។

ស្ថានភាពទូទៅ

ក.ទីតាំងភូមិសាស្រ្ត:

ស្រុកអូរជ្រៅ ជាស្រុកមួយក្នុងចំណោមក្រុងស្រុកទំាង៩ របស់ខេត្តបន្ទាយមានជ័យ មានទីតំាងស្ថិតនៅចម្ងាយ ២៥គីឡូម៉ែត្រពីទីរួមខេត្ត ស្ថិតនៅភាគខាងលិចនៃខេត្ត ដែលមានព្រំប្រទល់ ខាងជើង ទល់នឹងស្រុកស្វាយចេក ខាងត្បូង ទល់នឹងស្រុកម៉ាឡៃ ខាងកើត ទល់នឹងក្រុងសិរីសោភ័ណ ខាងលិច ទល់នឹងក្រុងប៉ោយប៉ែត និងប្រទេសថៃឡង់ដ៍ ដែលមានច្រក១ គឺច្រកអូរបីជាន់ ។

ខ.ស្ថានភាពប្រជាជន

​ស្រុកអូរជ្រៅមានប្រជាជនសរុបចំនួន ៥៦,៥១១នាក់ ស្រី ២៨,៥១២នាក់ គ្រួសារសរុប ចំនួន ១៤,៣៩៤គ្រួសារ ទំហំគ្រួសារជាមធ្យម ៣,៩ នាក់/គ្រួសារ ភាគរយស្ត្រី ជាមេគ្រួសារមានចំនួន ៩,៣ %

មនុស្សអាយុពី០-១៧ឆ្នាំ មានចំនួន ១៧,៣១៣នាក់ មនុស្សអាយុពី ១៨-៦០ឆ្នាំ មានចំនួន ៣៣,៥៣៤ នាក់ មនុស្សអាយុពី ៦១ឆ្នាំឡើងមានចំនួន៥,៦៦៤  នាក់ ប្រជាជនមានការថយចុះជាងឆ្នាំ២០១៨ ពី ៥៦,៩២១ មក៥៦,៥១១ ស្មើនឹង -០.៧%  ។

គ.ស្ថានភាពលំនៅដ្ឋាន

ប្រជាពលរដ្ឋមានផ្ទះប្រក់ស្បូវ ស្លឹកមាន ០.៧%  ផ្ទះប្រក់សង្ក័សី ហ្វីប្រូស៊ីម៉ង់មាន ៨៩.៥% ផ្ទះប្រក់ក្បឿងមាន ៣,៩% ផ្ទះថ្មមិនមែនបេតុងមាន ៥.៣% ផ្ទះល្វែងមាន ០.៥% ផ្ទះភូមិគ្រឹះមាន ០.១% ផ្ទះដែលមានបណ្តាញអគ្គីសនីបំភ្លឺ មាន ៩៤.២%​ ។ ស្រុកអូរជ្រៅមាន ចំនួន ៧ ឃុំ ( ឃុំកូប គុត្តសត សូភី សឹង្ហ ចង្ហា សំរោង និងឃុំអូរបីជាន់ ) និងមានផ្ទៃដីស្រុកសរុប ៥៥,០៩០ហ.ត = ៥៥០.៩០ Km2 ក្នុងនោះមានផ្ទៃដីកសិកម្ម  ២៥,៨៥១ ហ.ត ផ្ទៃដីលំនៅដ្ឋាន ​២,៦៦២ ហ.ត ផ្ទៃដី ព្រៃ បឹង បួរ អូរប្រឡាយ​ ១៧៨ ហ.ត ប្រវែងផ្លូវសរុបចំនួន ១៩២.៨៧០ km ក្នុងនោះ ប្រវែងផ្លូវតាមបណ្តាឃុំសង្កាត់ ១៩២.៨៧០ Km ប្រវែងផ្លូវខេត្ត ស្រុក ឆ្លងកាត់តាមបណ្តាឃុំ សង្កាត់ ០.០០ Km ប្រវែងផ្លូវជាតិឆ្លងកាត់តាមបណ្តាឃុំ សង្កាត់ ២.៥០០ Km ។

ផែនទីប្រើប្រាស់ដី និង ធនធានធម្មជាតិ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
ផែនទីប្រើប្រាស់ដី និង ធនធានធម្មជាតិ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

ចក្ខុវិស័យ

  • ធានាអោយបាននូវការផ្ដល់សេវាឆាប់រហ័ស ងាយស្រួល និងមានប្រសិទ្ធភាពដល់ពលរដ្ឋ
  • ធានាអោយបាននូវតម្លាភាព គណនីយភាព និងមិនពុករលួយ
  • បម្រើសេវាដោយមិនរើសអើងនិន្នាការ ពណ៌សម្បុរ សញ្ជាតិ ឬសាសនាឡើយ