សិក្ខាសាលាសមាហរណកម្ម កម្មវីធីវិនិយោគបីឆ្នាំរំកិលឃុំ (២០២១-២០២៣) នៅថ្នាក់ស្រុក ឆ្នាំ២០២០
រដ្ឋបាលស្រុកអូជ្រៅ បានរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវីធីវិនិយោគបីឆ្នាំរំកិលឃុំ (២០២១-២០២៣) នៅថ្នាក់ស្រុក ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក លី សុវណ្ណារិទ្ធ អភិបាលស្រុក តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត លោក ខាត់ សារ៉ាន សមាជិកក្រុមប្រឹក្សាស្រុក តំណាងលោក តាន់ ស្វាង ប្រធានក្រុមប្រឹក្សាស្រុក និងលោកស្រី ព្រំ សុីណា ប្រធានមន្ទីរផែនការខេត្ត ដោយមានការចូលរួមជាភ្ញៀវកិត្តិយស និងសមាជិកអង្គសិក្ខាសាលាពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក ប្រធាន អនុប្រធាន តំណាងមន្ទីរជំនាញជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិ និងអង្គការដៃគូ សរុបរួមប្រមាណ ៨២នាក់។
លោក លី សុវណ្ណារិទ្ធ អភិបាលស្រុក មានមតិថាៈ អង្គសិក្ខាសាលានេះ ប្រារព្វឡេីងក្នុងគោលបំណង បង្កឱកាសដល់អ្នកពាក់ព័ន្ធ ជាពិសេសអង្គការដៃគូ ចូលរួមគាំទ្រគម្រោង សកម្មភាពវិនិយោគរបស់ស្រុក ឃុំ ដែលពុំទាន់មានមូលនិធិអនុវត្ត និងដេីម្បីបន្ស៊ីគ្នារវាង៖
- ១-គម្រោងសកម្មភាពវិនិយោគស្រុក និងឃុំ
- ២-គម្រោងសកម្មភាពវិនិយោគឃុំ និងឃុំ
- ៣-គម្រោងសកម្មភាពវិនិយោគស្រុក មន្ទីរវិស័យ និងបណ្តាដៃគូអភិវឌ្ឍន៍
- ៤-គម្រោងសកម្មភាពវិនិយោគឃុំ មន្ទីរវិស័យ និងបណ្តាដៃគូអភិវឌ្ឍន៍
ក្នុងនេះផងដែរ លោក លី សុវណ្ណារិទ្ធ អភិបាលស្រុក បានស្នេីសុំ និងអំពាវដល់បណ្តាមន្ទីរ អង្គការដៃគូ ជួយគាំទ្រគម្រោងសកម្មភាពវិនិយោគរបស់ស្រុក ឃុំ ដែលពុំទាន់មានមូលនិធិអនុវត្តផងដែរ។